ស្វាគមន៍ឆ្នាំសិក្សាថ្មី ២០១៥/១៦

ក្នុងសារផ្ញើជូនជនរួមជាតិ នាឱកាសឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៥/១៦ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ពីការបន្តកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកំពស់វិស័យសិក្សាអប់រំ ពិសេសការ​ជម្រុញ​ការចូលសាលាសិក្សារបស់កុមារ។ សម្តេចតេជោបញ្ជាក់ថា ភារកិច្ចសិក្សា ទាមទារនូវការលើកកំពស់​ជា​បន្ត​ និងការអភិវឌ្ឍមិនកំណត់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សជាគុណភាព ទេពកោសល្យ ផលិត​ភាព សក្តានុ​ពល សីលធម៌ និងគុណធម៌ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប​ដោយ​និរន្តភាព។ក្នុងខណៈដែលការប្រកួតប្រជែងអំពីសេដ្ឋកិច្ច គោលនយោបាយ បច្ចេកវិទ្យា ជាដើម កាន់តែ​មានភាពតឹងតែង សម្តេចតេជោសង្កត់ធ្ងន់ពី​សេចក្តីត្រូវការបង្កើនការយកចិត្តទុកដាក់ អំពីការ​សិក្សា និង​ការកសាងធនធានមនុស្ស ក៏ដូចជាអំពាវនាវអោយជនរួមជាតិ នាំកូនៗ ទៅចុះឈ្មោះចូល​រៀនក្នុង​ឆ្នាំ​សិក្សា​ថ្មី ដើម្បីលើកទឹកចិត្ត និងផ្តល់អោយពួកគេនូវលទ្ធភាពចូលសិក្សាក្នុងសាលា ហោច​ណាស់បាន​ដល់​ថ្នាក់ទី ៩។ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់និស្សិត និងយុវជនទាំងឡាយ អោយនៅឆ្ងាយពីគ្រឿង​ញៀន ក៏ដូចជាគោរពច្បាប់ចរាចរណ៍៕